You Are Here: Home» EDUCATION , KHMER DOCUMENTS » វិធីសាស្ត្ររៀនគណិតវិទ្យាឲ្យពូកែ




ជាសិស្សថ្នាក់ទី១២ B1 នៃវិទ្យាល័យបាក់ទូក យុវសិស្ស ង៉ោ ប៉េងហុក បានក្លាយខ្លួនជាសិស្សពូកែទូទាំងប្រទេសម្នាក់លើមុខវិជ្ជា គណិតវិទ្យា។ ទាក់ទងនឹងលទ្ធផលដ៏គួរឲ្យកោតសរសើរនេះ យុវសិស្សរូបនេះ ក៏បានចូលខ្លួនមកចែករំលែកពីរបៀបសិក្សា និង វិធីសាស្ត្រមួយចំនួនដើម្បីក្លាយខ្លួនជាសិស្សពូកែគណិតវិទ្យាម្នាក់ ទៅដល់យុវសិស្សដទៃទៀតតាមរយៈគេហទំព័រ Sabay។
ការសិក្សា

ដោយប្រាកដក្នុងចិត្តថា ការរៀនពូកែឬមិនពូកែ មិនមែនអាស្រ័យលើវង្សត្រកូល ពូជពង្សជាអ្នកសិក្សានោះទេ។ យុវសិស្សរូបនេះ អះអាងថា ឪពុកម្ដាយរបស់ខ្លួនជាអ្នកប្រកបរបរអាជីវកម្មតូចតាច ហើយក៏មិនមែនជាអ្នករៀនបានខ្ពស់ណាស់ណាទេ។ “គាត់លក់ដូរ ហើយគាត់បានរៀនតែភាសាចិនប៉ុណ្ណោះ…”។
ទោះបីជាក្រុមគ្រួសារមមាញឹក នឹងការងារអាជីវកម្មក៏ពិតមែន តែឪពុកម្ដាយរបស់ ប៉េងហុកមិនដែលរំខានពេលវេលាសិក្សារបស់កូនទេ។ ប៉េងហុក ប្រាប់ថា បងប្អូនទាំងប្រាំនាក់របស់ខ្លួន ដោយរាប់បញ្ចូលទាំងរូបប្អូនផ្ទាល់សុទ្ធតែមាននិស្ស័យចូលចិត្តការ សិក្សា ហើយទទួលបានលទ្ធផលល្អក្នុងការសិក្សាទាំងអស់។
ហេតុអ្វីបានអ្នកខ្ញុំចូលចិត្តគណិតវិទ្យា?
ក្នុងចំណោមមុខវិជ្ជាដែលរៀនទាំងអស់ ប៉េងហុក បានរកឃើញភាពងាយស្រួល និង ចូលចិត្តបំផុតលើមុខវិជ្ជាគណិតវិទ្យា ដែលជាមុខវិជ្ជាមួយសិស្ស និស្សិតភាគច្រើនគិតថាពិបាករៀននិង ស្មុគស្មាញបំផុត។
ចំណង់ចំណូលចិត្តនេះ មានតាំងពីយុវសិស្ស ង៉ោ ប៉េងហុករៀននៅថ្នាក់បឋមសិក្សាមកម្ល៉េះ។ “អាចនិយាយបានថា មកពីបងៗខ្ញុំ សុទ្ធតែពូកែមុខវិជ្ជានេះ ហើយពួកគាត់តែងប្រាប់ខ្ញុំថាត្រូវតែខំរៀន”។ ប៉េងហុក បញ្ជាក់។
ង៉ោ ប៉េងហុក បន្តឲ្យដឹងថា ប្អូនតែងតែទទួលស្ដាប់និងអនុវត្តដំបូន្មានល្អៗរបស់បងៗប្រុសរបស់ ខ្លួន ដោយគិតថាអ្នកទាំងនោះបានដើរមុន និងទទួលបានបទពិសោធន៍ច្រើនទាក់ទងការសិក្សា ជាពិសេសលើមុខវិជ្ជាគណិតវិទ្យានេះតែម្ដង។ “គាត់ថា យើងក៏មិនមែនជាកូនអ្នកមាន យើងមានតែខំរៀនឲ្យពូកែជាងគេ ទើបយើងមានអនាគតល្អ…”។ ប៉េងហុក រំលឹកសំដីទូន្មានបងរបស់ខ្លួន។
យុវសិស្ស រូបនេះ បានឲ្យដឹងថា មុខវិជ្ជាគណិតវិទ្យានេះមិនពិបាករៀនដូចដែលមានការលើកឡើងខាងលើ ទេ តែ ប៉េងហុកគិតថា វាអាស្រ័យការយកចិត្តទុកដាក់ និងចំណង់ចំណូលចិត្តរបស់អ្នករៀនម្នាក់ៗទៅវិញទេ។
“សម្រាប់ខ្ញុំ ដោយសារកាលខ្ញុំនៅតូច បងប្រុសខ្ញុំក៏ធ្លាប់ទទួលបានមេដាយមាស មេដាយប្រាក់ទើបខ្ញុំមានចំណាប់អារម្មណ៍ខាងគណិតវិទ្យានេះដែរ…”។ ប៉េងហុកនិយាយ។
កត្តាអ្វីខ្លះទើបអាចក្លាយខ្លួនជាសិស្សពូកែគណិតវិទ្យាម្នាក់?
សិស្សពូកែគណិតវិទ្យាមកពី វិទ្យាល័យបាក់ទូក ង៉ោ ប៉េងហុក រៀបរាប់ថាមានកត្តាមួយចំនួនដែលរួមចំណែកក្នុងការសិក្សាមុខវិជ្ជា គណិតវិទ្យាឲ្យបានពូកែ។
កត្តាខាងក្នុង(ខ្លួនឯងផ្ទាល់)ជាកត្តាចំបង
ចំណង់ចំណូលចិត្ត
ប្រសិនបើ អ្នកចង់ក្លាយខ្លួនជាសិស្សពូកែម្នាក់ ត្រូវតែចាប់អារម្មណ៍លើមុខវិជ្ជានេះ និងមិនត្រូវគិតថា មុខវិជ្ជានេះពិបាក មិនអាចរៀនឲ្យបានពូកែដូចគេ ឬថាអ្នកដែលពូកែលើមុខវិជ្ជានេះ សុទ្ធតែគេមានដុងពីកំណើត ឬមានពូជជាអ្នករៀនពូកែលើមុខវិជ្ជានេះ នោះមិនមែនជាការយល់ត្រឹមត្រូវឡើយ។
យុវសិស្សរូបនេះជឿជាក់ថា មនុស្សម្នាក់ងាយនឹងសម្រេចបានគោលដៅនៅពេលដែលគេធ្វើអ្វីដែលជា ចំណូលចិត្តរបស់ខ្លួន។ “កាលណាអ្នកចូលចិត្ត នោះអ្នកនឹងមានអារម្មណ៍ធុញ នឿយណាយ ឬពិបាកឡើយ…ហើយអ្នកមានកម្លាំងចិត្តធ្វើវាដោយយកចិត្តទុកដាក់”។
ទំនាក់ទំនងល្អ
ទំនាក់ទំនង គឺជាកត្តាសំខាន់រួមផ្សំផងដែរ។ ទំនាក់ទំនងទីនេះ មានន័យថា ត្រូវស្គាល់គ្នាជាមួយអ្នកជំនាន់មុន ជាពិសេសអ្នកដែលមានប្រវត្តិសិក្សាល្អ សិស្សពូកែ មិត្តរួមថ្នាក់ រួមជំនាន់ ព្រោះ ប៉េងហុកយល់ថា អ្នកទាំងនោះអាចចែករំលែកអ្វីដែលគេមានជុំវិញការសិក្សា រួមមានឯកសារ និងបទពិសោធន៍ជាច្រើនដល់យើងបាន។
លើសពីនេះផងដែរ ប៉េងហុក ប្រាប់ថាលោកក៏តែងមានទំនាក់ទំនងល្អជាមួយ លោកគ្រូ អ្នកគ្រូ នាយកសាលាជាដើម។ ក្រៅពីបានផ្ដល់ការអប់រំ ពន្យល់មេរៀនដល់សិស្ស លោកគ្រូ អ្នកគ្រូ នាយកសាលា តែងតែផ្ដល់ដំបូន្មានល្អៗ តម្រង់ផ្លូវសិស្ស និងជាពិសេសជួយលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់សិស្សជានិច្ច។ នេះជាអ្វីដែលប៉េងហុក រៀបរាប់។
ការព្យាយាមអនុវត្ត
“ទី១អនុវត្ត ទី២អនុវត្ត និងទី៣ អនុវត្ត…” ប៉េងហុករកឃើញថា សេចក្ដីឧស្សាហ៍ព្យាយាម អនុវត្តជាកត្តាធ្វើឲ្យយើងកាន់តែមានភាពងាយស្រួល និងកាន់តែចង់សិក្សា។
កត្តាខាងក្រៅ
គ្រួសារ មិត្តភ័ក្ដិ
ប៉េងហុក បន្តថាក្រៅពីកត្តាខាងក្នុងបានរៀបរាប់ខាងលើ ប៉េងហុកគិតថា គ្រួសារ និងមិត្តភ័ក្ដិក៏ជាកត្តាជំរុញសំខាន់ដូចគ្នា។ មនុស្សគ្រប់រូបតែងត្រូវការការសរសើរ លើកទឹកចិត្ត ពីអ្នកជុំវិញ។ ក្រុមគ្រួសាររបស់ប៉េងហុក បានផ្ដល់ការលើកទឹកចិត្ត ដំបូន្មាន និងការជំរុញឲ្យខិតខំសិក្សាជានិច្ច។ ចំណែក មិត្តភ័ក្តិ ក៏បានធ្វើឲ្យប៉េងហុក មិនមានការធុញទ្រាន់ក្នុងការសិក្សា ចែករំលែកគ្នាទៅវិញទៅមកនូវអ្វីដែលមាន។
ពេលវេលា
សិស្ស គ្រប់រូបគួរចេះគ្រប់គ្រងពេលវេលាសិក្សាឲ្យបានល្អ។ ប៉េងហុក យុវសិស្សឆ្នើមផ្នែកគណិតវិទ្យាខាងលើ យល់ថាពេលវេលាគឺជាមាសប្រាក់ ហើយពេលវេលាពិតជាមានសារៈសំខាន់សម្រាប់យុវវ័យដែលជាវ័យគួរស្រវា ក្រេបយកចំណេះដឹង។ យ៉ាងណាមិញ សិស្សពូកែ ង៉ោ ប៉េងហុក អះអាងថា រៀនពូកែបានគឺទាមទារពេលវេលាគ្រប់គ្រាន់ជាចាំបាច់។ “ត្បិតប៉ាម៉ាក់គាត់អ្នករកស៊ី តែគាត់មិនដែលធ្វើឲ្យប៉ះពាល់ដល់ពេលវេលារៀនសូត្រខ្ញុំទេ។
ឯកសារ
“ត្រូវចេះប្រមូលឯកសារពាក់ព័ន្ធនានា…”។ ប៉េងហុក លើកឡើងដោយសង្កត់ធ្ងន់ថា សិស្សគ្រប់រូបមិនអាចរៀនពូកែបានដោយមិនមានឯកសារ ឬឯកសារមិនគ្រប់គ្រាន់ឡើយ។ ប៉េងហុក បន្តថា មានសៀវភៅច្រើនដែលមាននៅតាមបណ្ណាគារ បណ្ណាល័យ និងអ៊ីនធឺណិត ដែលសិស្សគ្រប់រូបគួរស្រវាស្វែងរកទុកសម្រាប់ជាគំនិត គន្លឹះ និងដំណោះស្រាយកាន់តែច្រើន។
សម្រាប់អ្នកដែលមិនសូវមានប្រាក់គ្រប់គ្រាន់សម្រាប់ការទិញ ឯកសារ ប៉េងហុកចែករំលែកបទពិសោធន៍ថាគួរទំនាក់ទំនងសាលា ចូលអានក្នុងបណ្ណាល័យក្នុងសាលា សួរនាំសុំខ្ចីពីលោកគ្រូអ្នកគ្រូ ជាពិសេសសិស្សច្បងជំនាន់មុន។
តើមានវិធីសាស្ត្រអ្វីទើបរៀនគណិតវិទ្យាឲ្យពូកែ?
ចែករំលែកដល់សិស្សឯទៀតដែលចង់រៀនគណិតវិទ្យាឲ្យពូកែ ឬចង់ក្លាយជាសិស្សពូកែលំដាប់ប្រទេសដូចជាខ្លួន សិស្សឆ្នើម ង៉ោ ប៉េងហុក បានបង្ហាញវិធីសាស្ត្រក្នុងការរៀនគណិតវិទ្យាដូចខាងក្រោម៖
១.រៀបចំផែនការ៖ កំណត់ឲ្យបានច្បាស់ពីគោលដៅរបស់ខ្លួន។ ឧ៖ អ្នកចង់ក្លាយជាម្ចាស់ជយលាភីលេខមួយទូទាំងប្រទេស នៅពេលណា ត្រូវរៀនអ្វីខ្លះ ត្រូវបែងចែកពេលវេលាបែបណាខ្លះសម្រាប់មុខវិជ្ជាដទៃ រៀនប៉ុន្មានម៉ោងក្នុងមួយថ្ងៃ រៀនពេលណាខ្លះ …។ ទាក់ទងការរៀបផែនការនេះ ប៉េងហុករកឃើញថា វាអាចជួយមិនឲ្យយើងចំណាយពេលឥតប្រយោជន៍ ដឹងច្បាស់ពីអ្វីដែលខ្លួនត្រូវធ្វើ មិនច្របូកច្របល់ និងជាស្ពានសម្រាប់យើងដើរទៅដល់គោលដៅបាន។
២. ប្រមូលព័ត៌មាន៖ ស្វែងរកឯកសារទាំងអស់ ប្រមូលព័ត៌មានឲ្យបានគ្រប់គ្រាន់ កាន់តែច្រើន កាន់តែល្អ។
៣. វិភាគ៖ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់គ្រាន់ ត្រូវចេះប្រើសម្រាប់ការវិភាគ ដើម្បីផ្ទៀងផ្ទាត់ពីចំណុចផ្សេងៗគ្នានៃឯកសារ ទាំងនោះ និងគិតថាតើមួយណាដែលអ្នកពេញចិត្ត ឬផ្ដល់ភាពងាយស្រួលដល់អ្នក។
៤. រកដំណោះស្រាយ៖ ដំណោះស្រាយ អ្នកអាចបានពីការសិក្សានៅសាលា ការសិក្សាដោយខ្លួនឯង ឯកសារ ឬកើតចេញពីការគិតរបស់អ្នក។
៥. និងអនុវត្ត៖ ចំណុចពិសេសរបស់គណិតវិទ្យា គឺការគិត។ ប៉េងហុកប្រាប់ថា កាលណាអ្នកអនុវត្តកាន់តែច្រើន នឹងធ្វើឲ្យការគិតរបស់យើងរីកចម្រើន និងធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការដោះស្រាយលំហាត់។
ចំណុចសំខាន់ៗពាក់ព័ន្ធនឹងគណិតវិទ្យា
-ត្រូវមានជំនឿចិត្ត៖ មិនថាកិច្ចការអ្វី ការចូលរួមការប្រលង ដោះស្រាយលំហាត់ នានាត្រូវធ្វើឡើងដោយភាពជឿជាក់។ ប្រសិនបើអ្នកមិនមានភាពជឿជាក់ អាចនាំឲ្យអ្នកមានកំហុស ភ្លេចមេរៀនឬរូបមន្តដែលអ្នកធ្លាប់ចេះ និងមិនដឹងថាត្រូវដោះស្រាយតាមផ្លូវណា។
-ត្រូវអនុវត្តឲ្យបានច្រើនដោយការរៀនដោះស្រាយនិងសរសេរឲ្យបាន ច្រើន៖ នៅពេលសរសេរច្រើន អ្នកនឹងអាចរកផ្លូវចេញឃើញ ជៀសវាងការគិតស្មុគស្មាញពីដំបូង។
-លំហាត់គណិតវិទ្យាភាគច្រើន ជាពិសេសលំហាត់បែបសិស្សពូកែ ច្រើនតែលាក់សម្មតិកម្មមួយចំនួន ដូចនេះទាមទារឲ្យអ្នកសាកល្បងស្រាយជាបណ្ដើរៗ។
-ចាំរូបមន្ត៖ រូបមន្តជាជាអ្វីដែលអ្នកត្រូវនឹកឃើញមុនគេ នៅពេលអនុវត្តការដោះស្រាយលំហាត់
-ពីជគណិត និងធរណីមាត្រក៏មានទំនាក់ទំនងគ្នា៖ រូបមន្តពីជគណិតមួយចំនួនអាចយកមកអនុវត្តក្នុងលំហាត់ធរណីមាត្រ និងច្រាសមកវិញ។ ដូចនេះនេះជាចំណុចដែលសិស្សគ្រប់រូបត្រូវតែដឹង ហើយកុំគិតថា មិនទាក់ទងគ្នា ឬគិតថាមួយណាពិបាកជាងមួយណានោះ។
-វត្តមានក្នុងថ្នាក់៖ មានបុគ្គលមួយចំនួនគិតថា ការរៀននៅក្នុងថ្នាក់មិនសូវសំខាន់នៅពេលដែលគេគិតថាខ្លួនគេ ពូកែគ្រប់គ្រាន់ តែផ្ទុយទៅវិញ សិស្សមិនគួរនឿយណាយការពន្យល់របស់លោកគ្រូអ្នកគ្រូព្រោះលោកតែង តែនាំចំណេះដឹងថ្មីៗជានិច្ចដល់យើង ហើយម្យ៉ាងទៀតលោកមានបទពិសោធន៍ធ្លាប់ជួបប្រភេទលំហាត់ ក៏ដូចជាដំណោះស្រាយជាច្រើនមុនយើង។
-អនុវត្តការគិតជានិច្ច ទើបងាយស្រួលរៀនគណិតវិទ្យា ព្រោះគណិតវិទ្យាទាមទារការប្រើការគិតឲ្យបានច្រើន។
ង៉ោ ប៉េងហុកសិស្សពូកែដែលមានស្រុកកំណើតក្នុងខេត្តពោធិសាត់ និងផ្លាស់ទីលំនៅមកកាន់ទីក្រុងភ្នំពេញ នៅឆ្នាំ ២០១០។ សព្វថ្ងៃ ប៉េងហុក ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យបាក់ទូក។ យុវសិស្សរូបនេះបាននាំកេរ្តិ៍ឈ្មោះដល់ខ្លួន គ្រួសារ សាលារៀន និងប្រទេសជាតិទាំងមូលដោយ នៅឆ្នាំ ២០១០ ប៉េងហុកបាននាំយកមេដាយ សំរឹទ្ធពីការប្រកួតសិស្សឆ្នើមថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហុង កុង ហើយថ្មីៗនេះ ប៉េងហុក បានទទួលចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យាទូទាំងព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលជាមោទនភាពបំផុត និងគួរកោតសរសើរសម្រាប់យុវសិស្ស ង៉ោ ប៉េងហុកជាំងនេះទៅទៀត គឺប្អូនបានចងក្រងសៀវភៅគន្លឹះសំខាន់ៗគណិតវិទ្យាសម្រាប់ជាការ ចូលរួមចែករំលែកដល់យុវសិស្សដទៃទៀត ក្នុងន័យធ្វើឲ្យវិស័យគណិតវិទ្យាកាន់តែល្អប្រសើរឡើង។ សៀវភៅ គណិតវិទ្យាភាគ១ ដែលបានចងក្រងដោយសិស្សឆ្នើមរូបនេះ កំពុងចរាចរក្នុងទីផ្សារក្នុងស្រុក ហើយនៅពេលខាងមុខដ៏ខ្លី សៀវភៅគណិតវិទ្យាភាគ២ របស់ប្អូននឹងមានវត្តមានទុកជាឯកសារសម្រាប់សិស្សានុសិស្សទូទៅជា បន្ត៕
អត្ថបទ៖ សួន ពលិកា
ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ suonpeaklika កាលពី កាលពី ២៦-ឧសភា-២០១១ ពី news.sabay.com.kh/

0 comments

Leave a Reply