You Are Here: Home» EDUCATION , KHMER DOCUMENTS » កំណាព្យ ភ្លៀងខុសរដូវ បទកាកតិ






1. ភ្លៀងខុសរដូវ............ ភ្លៀងច្រើនពេកកូវ........... នាំនូវរន្ទះ
លាន់សូរផូងផាំង ...........ក្តូងក្តាំងគ្រប់ផ្ទះ.......... ភ្លៀងខំជំនះ
ពិភពអន្តរាយ។

2. ភ្លៀងសម័យមុន .........បង្អុរភិរុណ........ នាំរាស្ត្រសប្បាយ
ភ្លៀងសម័យនេះ........... នាំរាស្ត្រខ្វល់ខ្វាយ ..........ភ្លៀងនាំរូបកាយ
ខ្លាចរន្ទះបាញ់។

3. ពេលខ្ញុំនៅក្មេង .........ពេលភ្លៀងរត់លេង........... ភ្លៀងគ្មានខ្នក់ខ្នាញ់
ភ្លៀងនាំសេរី........... គ្មានរន្ទះបាញ់............. រាស្ត្រខ្មែរហ៊ានចេញ
ចាប់ក្តាមកង្កែប។

4. ភ្លៀងពេលឥលូវ.......... នាំអាស្រូវ............ ក្រៃក្រាស់គ្រប់បែប
ភ្លៀងនាំអាស៊ីត........... ជំនន់អមអែប........... ភ្លៀងចង់សោយសេព
តែទុក្ខរាស្ត្រខ្មែរ។

5. ភ្លៀងខុសរដូវ........... ភ្លៀងខុសគ្រប់ផ្លូវ....... ខុសបទហូរហែ
ភ្លៀងពេលទៀបភ្លឺ ..........មិនថាក្រុងស្រែ .......... ភ្លៀងនេះប្រួលប្រែ
ដូចខែកក្តិក។

6. មុនភ្លៀងក្តៅខ្លាំង........... ខ្យល់ចាប់បក់ខ្លាំង........... ផ្គរលាន់ទាំងព្រឹក
រន្ទះគំរាម ............ រាស្ត្រខ្មែរស្ទើរភ្លឹក ............ភ័យច្រើនសន្ធឹក
នឹកស្មានមិនត្រូវ។

7. ហេតុអ្វីដូច្នេះ ...........ភ្លៀងអ្នកមិនចេះ ............ភ្លៀងត្រូវរដូវ
តើភ្លៀងដឹងទេ? ............ធ្វើនេះមិនត្រូវ............ ភ្លៀងនាំអាស្រូវ
ភ្លៀងនាំអាពាធ។

8. ភ្លៀងអើយឈប់ទៅ .............ឈប់ខុសរដូវ........... ដូចពេលនេះទៀត
ខ្ញុំសូមអង្វរ......... អាណិតញោមញាតិ .............ភ្លៀងអើយកុំឃ្លាត
ពីត្រូវរដូវ។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ ភ្នំពេញ
ភ្នំពេញព្រលឹម ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១១

0 comments

Leave a Reply