You Are Here: Home» EDUCATION , KHMER DOCUMENTS » ហេតុដែលនាំឲ្យវិនាស ១២យ៉ាង (បទបឋ្យាវត្ត)


នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
ប្រែថាៈ រីកិរិយា នមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះ ភាគអង្គនោះ ព្រះអង្គជា ព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹង នូវញេយ្យធម៌ ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណាប្រដៅ ព្រះអង្គឡើយ ។
វិនាសទី ១
អ្នកដែលចំរើន គេអាចស្គាល់ងាយ អ្នកដែលអន្តរាយ គេក៏អាចស្គាល់ពិត...
អ្នកឞ្រាថ្នាធម៌ ល្អិតល្អក្នុងចិត្ត ហើយខំប្រព្រឹត្ត នឹងឞានចំរើន ។
អ្នកដែលទ្រុស្តធម៌ ស្ងប់ធម៌ឥតកើន ឥតកើតចំរើន វិនាសទៅមុខ ។
វិនាសទី ២
អ្នកដែលស្រឡាញ់ ពេញចិត្តស្នេហា តែនឹងមនុស្សណា អសប្បុរស
តែងមិនស្រឡាញ់ ពេញចិត្តទាំងអស់ នឹងអ្នកសប្បុរស មកធ្វើជាមិត្រ ។
សេចក្តីស្រឡាញ់ ពេញចិត្តគំនិត ហើយទៅគប់មិត្ត អសប្បុរស
គាប់ចិត្តក្នុងធម៌ ឬមួយរបស់ ហេតុនោះទាំងអស់ នាំឲ្យវិនាស ។
វិនាសទី ៣
អ្នកដេកច្រើន១ និយាយច្រើន១ និងអ្នកឥតព្រួយ ឥតគិតប្រឹងប្រែង
អ្នកខ្ជិលច្រអូស មិនមានខ្នះខ្នែង ខឹងច្រើនសម្តែង ឲ្យគេឃើញឞាន។
ហេតុធម៌ទាំងនោះ មិនជាកល្យាណ នាំឲ្យខកខាន ខាតខូចប្រយោជន៍
មានជាប្រធាន តិចច្រើនដោយហោច នាំបង់ប្រយោជន័ ហើយឲ្យវិនាស ។
វិនាសទី ៤
នរជនណា មានទ្រព្យធនធាន ហើយខ្លួនមិនបាន ចិញ្ចឹមរក្សា
មាតាបិតា ដែលចាស់ជរា ហេតុនោះទៅជា នាំឲ្យវិនាស ។
វិនាសទី ៥
ជនបញ្ឆោតព្រាហ្ម ឬពួកសមណៈ ពួកស្មូមឬអ្នក ដទៃៗ
ដោយមុសាវាទ ឃ្លាតពាក្យប្រពៃ នោះប្រធាននៃ សេចក្តីវិនាស ។
វិនាសទី ៦
បុរសអ្នកមាន ទ្រព្យធនធានច្រើន មាសប្រាក់ចំរើន និងគ្រឿងអាហារ
លបលាក់របស់ ដែលឆ្ងាញ់ពិសា ស៊ីម្នាក់ឯងជា ប្រធានវិនាស ។
វិនាសទី ៧
អ្នកដែលប្រកាន់ ទ្រព្យជាតិត្រកូល ហើយមិនប្រមូល សាច់ញាតិសន្តាន
មើលងាយញាតិខ្លួន ដោយអាងខ្លួនមាន នោះជាប្រធាន សេចក្តីវិនាស ។
វិនាសទី៨
ជនអ្នកប្រព្រឹត្ត ល្បែងបីប្រការ ល្បែងស្រីល្បែងស្រា ល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមាន ឲ្យអន្តរាយ ការល្បែងទាំងឡាយ នោះនាំវិនាស ។
វិនាសទី៩
ប្រុសមិនត្រេកអរ នឹងប្រពន្ធខ្លួន ហើយទៅជាប់ជួន នឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធ កូនជននានា ហេតុនោះទៅជា នាំឲ្យវិនាស ។
វិនាសទី១០
បុរសមានវ័យ ដែលចាស់ហួសពេក ហើយមានតម្រេក ដោយក្តីតណ្ហា
នាំយកស្រីក្មេង មកធ្វើភរិយា ហេតុនោះទៅជា នាំឲ្យវិនាស ។
វិនាសទី១១
បុរសតាំងស្រី អ្នកលេងខ្ជះខ្ជាយ ឬស្រីទាំងឡាយ តាំងបុរសនោះ
ដែលជាអ្នកលេង ខ្ជះខ្ជាយដូច្នោះ អំពើទាំងនោះ នាំឲ្យវិនាស ។វិនាសទី១២
ជនណាកើតក្នុង ត្រកូលជាក្សត្រ អ្នកក្សត់សម្បត្តិ ហើយប្រាថ្នាធំ
ចង់បានជាស្តេច សោយរាជ្យស្តុកស្តម្ភ ហេតុនោះនឹងនាំ ឲ្យដល់វិនាស ។

ជនជាបណ្ឌិត គំនិតប្រសើរ បានឃើញដំណើរ នៃហេតុវិនាស
ដល់សត្វក្នុងលោ- កសន្និវាស រួចពីវិនាស គប់រកចំរើន ។
ប្រភពពី៖ កុលបុត្រខ្មែរ អង្គរ

0 comments

Leave a Reply