You Are Here: Home» TOP NEWS » អ្នក​សរសេរ​សារទូរ​លេខ​រៀប​រាប់​ពី​ការ​បំផ្លាញ​ ឯកសារ​មុន​ដើរ​ចេញ​ពី​ភ្នំពេញ

ភ្នំពេញៈ ខណៈកងទ័ព​វៀត​ណាម​កំពុង​ចូល​កៀក​មក​ទីក្រុង​ភ្នំពេញ​កាលពី​ដើម​ឆ្នាំ ១៩៧៩ លោក នង សុផង់ ដែល​ជា​អ្នក​ជំនាញ​ខាង​សារទូរ​លេខ​ក្នុង​របប​ខ្មែរ​ក្រហម មាន​ការ​ងារ​រវល់​យ៉ាង​ខ្លាំង​ក្នុង​ការ​ដុត​បំផ្លាញ​ឯក​សារ​ភស្តុតាង រស៊ើប​ៗ។
លោក នង សុ​ផង់ អ្នក​កាន់​សារ​ទូរ​លេខ​សម័យខ្មែរ​ក្រហម​ ។ រូបថត 
អ.វ.ត.កលោក នង សុ​ផង់ អ្នក​កាន់​សារ​ទូរ​លេខ​សម័យខ្មែរ​ក្រហម​ ។ រូបថត អ.វ.ត.ក
Joe Freeman
ភ្នំពេញ ប៉ុស្តិ៍
លោក នង សុផង់ ដែល​ដាក់​លេខ​កូដ និង​ដោះ​លេខ​កូដ​សារទូរ​លេខ​រវាង​កម្មា​ភិបាល​ជាន់​ខ្ពស់​របស់​ខ្មែរ ក្រហម និង​កម្មាភិ​បាល​ថ្នាក់​តំបន់ បាន​ប្រាប់​អង្គ​សវនាការ​សំណុំ​រឿង​០០២ កាល​ពី​ម្សិលមិញ​ថា លោកពុំ​បាន​ភ្លេច​នូវ​ឯកសារ​ណា​មួយ​ទេ នៅ​មុន​ពេល​លោក​ចាក​ចេញ​។
អតីតគ្រូ​បង្រៀន​អាយុ​៦០​ឆ្នាំ ដែល​ចូល​និវត្តន៍​រូប​នេះ​បាន​ថ្លែង​ថា៖ «អ្វីៗ​ទាំង​អស់​ត្រូវ​បាន​ដុត​ចោល។ ដូច្នេះ​ព័ត៌មាន​ឬ​ឯកសារ​សម្ងាត់​ដែល​អ្នក​ទទួល​បាន គឺ​ជា​ផ្នែក​នៃ​ឯក​សារ​នោះ ដែល​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង ឬ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ»។ លោក​បន្ត​ថា​៖ «ខ្ញុំ​គឺជា​អ្នក​ចុង​ក្រោយ ដែល​ចាក​ចេញ​នៅ​ថ្ងៃ​ទី​៧ មករា ១៩៧៩​ម៉ោង​៩:៣០​នា​ទី​ព្រឹក»។
លោកបន្ត​ទៀត​ថា ៖ « ខ្ញុំ​ជឿ​ថា នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ ខ្ញុំ​មិន​អាច​ត្រឡប់​មក​វិញ​បាន​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ផ្ទាល់»។
ក្នុងអំឡុង​សវនាការ​លើក​មុនៗ លោក នង សុផង់ បាន​ផ្តល់​សក្ខីកម្ម​ដែល​ងាយ​យល់ អំពី​ការងារ​នៃ​ប្រព័ន្ធ​លាក់​កំបាំង​ឯកសារ​ខ្មែរ​ក្រហម និង​កម្រិត​នៃ​ការ​ទទួល​ខុស​ត្រូវ​ពាក់​ព័ន្ធ​នឹង​ផ្នែក​នេះ។
ប៉ុន្តែកាល​ពី​ម្សិល​មិញ​លោក​លើក​ឡើង​ដោយ​សង្ខេប អំពី​សារទូរ​លេខ​ដ៏​កម្រ​មួយ​ចំនួន ដែល​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ឃោសនា អំពី​ជ័យ​ជម្នះ​កងទ័ព ដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​ដាក់​លេខ​កូដ​លាក់​បាំង​ពិសេស​ទៅ​លើ​ឯកសារ ទាំង​នោះ​ទេ។
ឧទាហរណ៍ នៅ​ពេល​ទាហាន​ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ពួកគេ​មាន​ការ​ត្រេក​អរ​ជាខ្លាំង ​ក្នុង​ការ​ចែក​ចាយ​ព័ត៌មាន​គ្នា ដូចជា តាម​ការ​ផ្សាយ​តាម​វិទ្យុ​ជាដើម។ លោក សុផង់ បាន​ទទួល​ព័ត៌មាន​មុន​គេ​នៅ​ក្នុង​អង្គភាព​លោក ហើយ​ត្រូវ​រៀប​ចំ​ព័ត៌មាន​ទាំង​នោះ​ទៅ​ជា​ឯកសារ បន្ទាប់​មក​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នោះ តាម​រយៈ​វិទ្យុ​ផ្សាយ​សំឡេង​រណសិរ្ស​រំដោះ​ជាតិ​កម្ពុជា។
បន្ទាប់ ពី​ពិពណ៌នា​អំពី​ការ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ អំពី​ជ័យ​ជម្នះ​នោះ លោក សុផង់ បាន​ងាក​ទៅ​រៀប​រាប់​អំពី​រយៈ​ពេល​ពីរ បី​ឆ្នាំ​ក្រោយ​មក គឺក្នុង​ឆ្នាំ​១៩៧៨ នៅ​ពេល​ដែល​អំពើ​ហិង្សា​នានា​បាន​កើត​មាន​ជុំ​វិញ​រូប​លោក នៅក្នុង​ខណៈ​ដែល​របបមួយ​នេះ​បាន​ចាប់​ផ្តើម​ដួល​រលំ​ទៅ​វិញ​។
លោក រៀប​រាប់​ថា ៖ «គ្រាប់​បែក​ដៃ​ជាច្រើន​ត្រូវ​បាន​បោក​នៅ​តាម​កន្លែង​ផ្សេងៗ និង​មាន​ការ​សម្លាប់​ទៅ​លើ​មន្រ្តី​ការ​ទូត​បរទេស និង​មាន​ការ​ធ្វើ​ឃាតកម្ម​ទៅ​លើ​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​ចំនួន ផង​ដែរ ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧៨»។ លោកថ្លែង​បន្ត​ថា៖ «ដោយ​សារ​មូល​ហេតុ​ទាំង​អស់​នោះ ខ្ញុំ​មិន​បាន​រស់​នៅ​ដោយ​មាន​សេចក្តី​សុខ​នោះ​ទេ ខ្ញុំ​តែង​តែ​មាន​ក្តី​បារម្ភ​ជាប់​ខ្លួន​ជា​និច្ច​»។
សាក្សី​លោក នង សុផង់ នឹង​បន្ត​ផ្តល់​សក្ខីកម្ម នៅថ្ងៃ​ពុធ​នេះ​បន្ត​ទៀត​៕
Tags: TOP NEWS

0 comments

Leave a Reply